ខេត្តព្រះសីហនុ ៖ គួររំលឹកដែរថា តាំងពីលោក យឹក យូរ បានទៅធ្វើជាមេគយ នៅកំពង់ផែក្រុងព្រះសីហនុមក ពួកឈ្មួញៗ និងក្រុមអ្នករត់ការ ឯកសារទាំងនោះមិនសប្បាយចិត្តនឹង វត្តមានរបស់លោក យឹក យូរ ទាល់តែសោះ ព្រោះគាត់ពូកែបង្កើតល្បិច គាបយកលុយស្រស់ៗពីពួកគាត់ (ក្រុមឈ្មួញៗ និងក្រុមអ្នករត់ការ) ។ ពួកគេនិយាយថា សព្វថ្ងៃនេះគ្រាន់តែឯកសារ ចុះប្រតិវេទន៍គយ ក្នុងមួយថ្ងៃៗមាន រាប់រយឯកសារឯណោះ… ហើយក្នុងមួយឯកសារ ការចំណាយក្រៅផ្លូវការ មានចាប់ពី៩០ដុល្លារ ទៅ១០០ដុល្លារអាមេរិក ? ដែលនេះមិនទាន់គិត ពីការកោសរូស ចាប់កំហុសផ្សេងៗនោះទេ? ។ ហើយការបង់លុយនេះ ធ្វើឡើងច្រើនដំណាក់កាល រាប់តាំងពីផ្នែកគណនេយ្យកន្លែងបោះត្រា និងកន្លែងត្រួតពិនិត្យទំនិញ ព្រមទាំងកន្លែងសំខាន់ ជាងគេបំផុតនោះគឺ នៅចំណុចអ្នកអនុញ្ញាត ឲ្យរថយន្ដដឹកទំនិញចេញ-ចូល ទាល់តែមានការឯកភាព (បង់លុយគ្រប់ចំនួន) ពីលោកប្រធាន យឹកយូរទើបគេអនុញ្ញាតឱ្យ រថយន្ដអាចចេញ-ចូលបាន ឬក៏អាចយកទំនិញ ចេញពីកំពង់ផែនោះបាន ។
រាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាលេខ០១ប.ប ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ចុះហត្ថខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងហេតុផលបញ្ជៀសការប៉ះពាល់ដល់ចំណូលពន្ធរដ្ឋ និងប្រព្រឹត្តអំពើពុករលួយការប្រកួតប្រជែងពាណិជ្ជកម្ម ដែលជាតម្លាភាពលើការប្រមូលពន្ធយ៉ាងតម្លាភាពនោះ បែរជាកំពុងកើតមានភាពអសកម្មយ៉ាងពេញបន្ទុកក្នុងខេត្តព្រះសីហនុ ។
បើយោងតាមលិខិតបទបញ្ជាលេខ០១.ប.ប បានបញ្ជាដល់កងកម្លាំងគ្រប់ប្រភេទនិងអាជ្ញាធរដែនដី ឲ្យចូលរួមប្រតិបត្តិការបង្ក្រាបបទ ល្មើស និងសកម្មបំផុតក្នុងការបើកប្រតិបត្តិការបង្ក្រាបដែលចែកចេញជាពីប្រភេទគឺប្រភេទទី១លំដាប់ថ្នាក់ជាតិដោយអន្តរក្រសួង. ឯ ប្រភេទពី២ លំដាប់ថ្នាក់មធ្យមត្រឹមថ្នាក់ខេត្ត ដែលមើលទៅដូចជាមិនធម្មតាទេ ។ ផ្ទុយទៅវិញ មកដល់ពេលនេះ គេកត់សម្គាល់ថា បទល្មើសគេចពន្ធកើតមានស្ទើតែគ្រប់ច្រកចេញចូលតាមច្រកកំពង់ផែ ។
យោងប្រភពពីក្រុមអ្នករត់ការទំនិញវិនិយោគនាំចូលបានបង្ហើបថា តាំងពីលោកយឹកយូរបានឡើង ទៅធ្វើជាមេគយនៅកំពង់ផែក្រុង ព្រះសីហនុ មកអំពើពុករលួយបាន កើតមានជាលក្ខណៈប្រព័ន្ធ លោកយឹកយូរបានចាត់ចែងឲ្យកូនចៅរកចំណូលតាមជំនាញបច្ចេកទេសដែលភាសាសាមញ្ញគេហៅថារកលុយក្រោមតុបានរាប់ម៉ឺនដុល្លារក្នុងមួយខែៗ តាមរយៈការបង្កើតការិយាធិបតេយ្យមានលក្ខណៈប្រព័ន្ធ ជ្រកក្រោមជំនាញប្រមូលលុយពីឯកសារប្រតិវេទន៍លើទំនិញវិនិយោគនាំចូលដែលពន្ធអាករជាបន្ទុករបស់រដ្ឋ ។
ប្រភពបន្តថា រាល់ការចំណាយពាក់ព័ន្ធ ក្នុងអង្គភាពគយនិងរដ្ឋាករ កំពង់ផែស្វយ័តក្រុង ព្រះសីហនុ យ៉ាងតិចមួយឯកសារក៏ត្រូវចំណាយ ចាប់ពី ៧០ ដុល្លារ ទៅ ៩០ ដុល្លារ ។ ជាធម្មតាឯកសារ ចុះប្រតិវេទន៍គយ ត្រូវឆ្លង កាត់ គយ និងបង់លុយ ក្រោម តុបែបនេះ ក្នុងមួយថ្ងៃរាប់រយ ឯកសារ សួរថា ពួកគាត់កៀបជំរិត ពីក្រុមហ៊ុន វិនិយោគ បាន ប៉ុន្មាន ពាន់ ដុល្លារ ក្នុងមួយថ្ងៃ ឬប៉ុន្មានម៉ឺនដុល្លារ ក្នុងមួយខែ ? ម្យ៉ាងទៀត ក្នុងមួយឯកសារ ចុះលេខម្តងៗ មិនមែនតិច កុងតឺន័រ នោះទេ គឺយ៉ាងតិចចាប់ ពី៥កុងតឺន័រ ទៅ២០ឬ៣០កុងតឺន័រ ហើយមួយកុងតឺន័រ បង់លុយក្រោមតុ ចាប់ពី៤០ដុល្លារ ទៅ៥០ ដុល្លារតើមួយថ្ងៃៗ អំពើពុករលួយ ជាលក្ខណៈប្រព័ន្ធ កិបកេងថវិកាជាតិ ពួកគេចែកគ្នាធ្វើមានធ្វើបានបក្ខពួកនិយមយ៉ាងគគ្លើនផ្ទុយបទបញ្ជាលេខ០១ប.ប ។
ករណីខាងលើនេះ ក្រុមឈ្មួញនិងក្រុមអ្នករត់ការឯកសារធ្វើការស្នើសុំដល់ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់ការស៊ើបអង្កេតជាបន្ទាន់ផងទាន ។
ពាក់ព័ន្ធការលើកឡើងខាងលើនេះ សារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺពីលោក យឹក យូរ បានទេនៅពេលនេះ ? ៕