ខេត្តមណ្ឌលគិរី ៖ តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា មួយរយៈដើមខែឧសភា ឆ្នាំ២០១៨នេះ ឈ្មួញឈើឈ្មោះ ម៉ៅ ហៅ ក្របី នឹងឈ្មោះម៉ាប់ ធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតយ៉ាងពេញបន្ទុកដោយពុំមានមន្ត្រីជំនាញ ឬសមត្ថកិច្ចប្រចាំច្រកនេះចាត់វិធានការទប់ស្កាត់ និងបង្ក្រាបម្តងណាឡើយ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ទំនងមិនបានជ្រាបច្បាស់អំពីសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើ់ ដែលកំពុងតែធ្វើសកម្មភាពសម្រុកដឹកជញ្ជូនឈើប្រណីតឆ្លងដែនដោយខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារទ្វេភាគីអន្តរជាតិដាក់ដាំខេត្តមណ្ឌលគិរីយ៉ាងអនាធិបតេយ្យជាទីបំផុតដោយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានប៉ះពាល់ជាមួយនិងមេឈ្មួញនោះទេ? ។
ក្រុមសកម្មជនការពារព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី បានបង្ហើបឲ្យដឹងថា ក្បួនរថយន្តដឹកឈើប្រណិត របស់មេឈ្មួញជាទូទៅគឺតែងតែធ្វើសកម្មភាពលួចដឹកឆ្លងដែនទៅលក់នៅប្រទេសវៀតណាម នៅពេលយប់តាមច្រកទ្វេរភាគីខាងលើនិងច្រកប្រាំពីរ យ៉ាងអនាធិបតេយ្យជាទីបំផុត ដោយក្បួនរថយន្តដឹកឈើប្រណីតរបស់មេឈ្មួញប្រៀបបីដូចជារថយន្តដឹកបុណ្យកឋិនអ៊ីចឹង? ក្នុងនោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរីមិនហ៊ានក្អកជាមួយនិងមេឈ្មួញនោះទេ?។
ទោះបីជាសម្តេច ហ៊ុន សែន បានព្រមានយ៉ាងណាក៏ដោយក៏ឈ្មោះ ម៉ាប់ បែរជាកំពុងតែល្បីល្បាញទៀតហើយក្នុងសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើដែលប្រឆាំងនឹងបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រីហ៊ុសែន ដោយខណៈពេលនេះ កំពុងដឹកជញ្ជូនឈើឆ្លងដែនដោយខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាម តាមច្រកដាក់ដាំខេត្តមណ្ឌលគិរី ដែលមានសកម្មភាពយ៉ាងគគ្រឹកគគ្រេងដូចហែរកឋិនចេញជារៀងរាល់យប់ ដែលដឹកតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿងដោយគ្មានស្ថាប័នសម្ថកិច្ចណាហ៊ានចាប់បង្ក្រាបនោះឡើយ? ។
មិនតែប៉ុណ្ណោះ លោក ម៉ាប់ ដែលចេញមុខកាងឈើ គឺតែងតែប្រើសម្តីខ្លាំងៗគំរាមដាក់សមត្ថកិច្ចឬស្ថាប័នខាងណាមួយដែលចង់មកសួរនាំនិងរារាំងក្បួនរថយន្តឡង់គ្រីស័រ០០៧ និងតូរីស ដែលដឹកឈើបន្តកន្ទុយគ្នា ។ សូមបញ្ជាក់ថា បន្ទាប់ពីមានករណីបាញ់ប្រហារបណ្តាលឲ្យស្លាប់មនុស្សបីនាក់ កាលពីពេលកន្លងទៅនេះរួចមក ឈ្មោះ ម៉ាប់ កំពុងជិះសេះលែងដៃមិនខ្វល់ខ្វាយ ពីមន្ត្រីជំនាញណាហ៊ានចូលទៅតំបន់នោះទៀតទេ ទើបក្រុមរថយន្តដឹកឈើរបស់លោក ម៉ាប់ បានដំណើរការយ៉ាងរលូនជាមួយសមត្ថកិច្ចគ្រប់ផ្នែកទាំងអស់ ដែលប្រចាំការនៅច្រកដាក់ដាំនេះផងដែរ ។
តាមសេចក្តីរាយការណ៍ឲ្យដឹងថាជំនួញឈើប្រណីតដឹកតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿងទាំងយប់បែបនេះបានកំរើកឡើងវិញហើយតាមច្រកទ្វារ ទ្វេភាគីអន្តរជាតិ ដាក់ដាំដែលគ្មានមន្ត្រីជំនាញនិងស្នាក់ការច្រកទ្វារអើពើបន្តិចសោះឡើយ? ។ ថ្មីនេះ គេបានប្រទះឃើញមានរថយន្តសាំយ៉ុងនិងឡង់គ្រីស័រប្រមាណចំនួនជាង៦០គ្រឿងកំពុងតែចរាចរលើផ្លូវជាតិឆ្ពោះទៅកាន់ច្រកទ្វារទ្វេភាគីអន្តរជាតិដាក់ដាំនិងច្រកប្រាំពីរ ។
ប្រភពព័ត៌មានបានបង្ហើបប្រាប់ឲ្យដឹងទៀតថា ឡានសាំយ៉ុងនិងឡង់គ្រីស័រទាំងនេះដឹកឈើស្ទើរតែរាល់ថ្ងៃហើយចេញម្តងៗមានចំនួនជាង៦០គ្រឿងដឹកយ៉ាងរលូនគ្មានអាជ្ញាធរមូលដ្ឋានឬជំនាញពាក់ព័ន្ធជាពិសេសប្រធានច្រកទ្វារអន្តរជាតិដាក់ដាំ និង ប្រធានសាខាគយ និងរដ្ឋាករខេត្តមណ្ឌលគិរីកំពុងតែបិទភ្នែកប្រមូលលុយពីបទល្មើសដាក់ហោប៉ៅផ្ទាល់ខ្លួនយ៉ាងរំភើយ។
ប្រភពដដែលនោះ បានខ្សឹបប្រាប់ថា ម្ចាស់រថយន្តឡង់គ្រីស័រជាច្រើនគ្រឿងនេះត្រូវបានគេស្គាល់ឈ្មោះថាជារបស់លោកម៉ាប់ជាមេការដែលកំពុងតែរត់ការជាមួយស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគីរី ដើម្បីធ្វើការដោះស្រាយគ្នាស្ងាត់ៗស៊ីតាមជំនាញដែលហាក់ដូចជាមានភាពអនាធិបតេយ្យជាទីបំផុតអាចបង្កអសន្តិសុខក្នុងសង្គមជាក់ជាមិនខានឡើយ។
ប្រជាពលរដ្ឋបានសំណូមពរដល់លោកស្នងការនគរបាលខេត្តមណ្ឌលគិរីនិងជាពិសេស លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត មណ្ឌលគីរីគួរមានវិធានការឲ្យបានឆាប់កាន់តែប្រសើរ ពីព្រោះចៀសវាងការរិះគន់ពីមហាជន សង្គមស៊ីវិល ជាពិសេសប្រជាពលរដ្ឋនៅខេត្ត មណ្ឌលគិរីនេះ តែម្តង ។
ទោះជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ អង្គភាពយើងបានទាក់ទងទៅឈ្មោះ ម៉ាប់ ដែរ តែលោកមិនឆ្លើយតប ។ ចំណែកលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរីក៏មិនឆ្លើយតបដែរ ។ តែអង្គភាពយើងរង់ចាំបកស្រាយស្តីពីច្បាប់ព័ត៌មានរាល់ម៉ោងធើ្វការ ។
គេហទំព័រ មិនអាចទាក់ទងសុំការបំភ្លឺពី លោក យូ សុធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនដាក់ដាំ និងលោក ម៉ៅ ហៅ ក្របី បានទេនៅថ្ងៃនេះ។ គេហទំព័រ រង់ចាំការបកស្រាយពី លោក យូ សុធា និង លោកម៉ាប់ លោក ម៉ៅ ហៅ ក្របី រៀងរាល់ម៉ោងធ្វើការ៕