មណ្ឌលគីរី ៖ តាមសេចក្តីរាយការណ៍បានអោយដឹងថា ឈ្មួញកំពុងត្រៀមនិងលើកឈើដាក់លើឡានរួចជាស្រេចស្ថិតនៅភូមិប៊ូស្រា ឃុំប៊ូស្រា ប្រហែលពី 30ទៅ40ឡានឡង់គ្រីស័័និងដឹកចេញទៅប្រទេសវៀតណាមយប់ថ្ងៃទី29ខែតុលាឆ្នាំ2018ទៅលក់អោយឈ្មួញឈើយួនដ៏ធំមួយ ដែលទទួលយកអនុផលព្រៃឈើខ្មែរនឹងហ៊ានចំណាយលុយយ៉ាងច្រើនមកហើយ តាមព័ត៌មានរសើបនិងច្បាស់ការបំផុតបានឲ្យដឹងថា ឈ្មួញឈើដ៏មានឥទ្ធិពលនេះឈ្មោះ អា ទិន «A TÍNH» ដែលមានទីលំនៅឯក្រុងព្រៃនគរ «Ho Chi Minh» ឈ្មួញឈើម្នាក់នេះកំពុងរង់ចាំទទួលទិញឈើចេញពីប្រទេសកម្ពុជាតាមច្រកទ្វេភាគគី «ណាំលៀ»ហៅប៉ុស្តិ៍០៧ ហើយករណីនេះ ក៏មានការចូលដៃជើងពីមន្ត្រីគ្រាប់ល្ពៅមួយចំនួនក្នុងថ្នាក់ខេត្តមណ្ឌលគីរីផងដែរ ។
ប្រភពដែលបានបន្តថា សកម្មភាពនៃការដឹកជញ្ជូនឈើឆ្លងដែន ទៅប្រទេសវៀតណាមបានចាប់ផ្តើមដំណើរការប្រមាណជាមួយសប្តាហ៍ទៅហើយ ប៉ុន្តែស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់ ទើបតែ ថ្ងៃទី២៩ និង៣០តុលាថ្មីនេះ ដោយសារក្បួនរថយន្តដឹកឈើមានច្រើនគ្រឿង គេបានចែកគ្នាមួយចំនួនឆ្លងទៅតាមប៉ុស្តិ៍ដាក់ដាំ និងមួយចំនួនទៀត ឆ្លងចូលទៅតាមប៉ុស្តិ៍០៧ ។
ចំពោះការដឹក ឈើប្រណីតទាំងនោះ ប្រភពពីសមត្តកិច្ចមូលដ្ឋាននិយាយថា៖ គឺត្រូវរត់ការបង់លុយ ឲ្យសមត្ថកិច្ចជំនាញ គ្រប់ស្ថាប័នពាក់ព័ន្ធ ដែលឈរជើងក្នុងស្រុកពេជ្រាដា រហូតដល់ ច្រកទ្វារណាំលៀ (ហៅប៉ុស្តិ៍០៧) ក្នុងនោះសម្រាប់ រថយន្តកាមរីដឹកឈើប្រណីត ត្រូវបង់ប្រមាណ ៥០០ដុល្លារ ហើយសម្រាប់ រថយន្តប្រភេទ ឡង់គ្រីស្ស័រ និងធុនត្រា គឺត្រូវបង់ប្រមាណជា ១០០០ដុល្លារ។
តាមប្រភពពីមន្ត្រីនៅច្រកទ្វេភាគីដាក់ដាំ មួយចំនួនបានរាយការណ៍ឲ្យដឹងថា រយៈពេលប្រមាណ២សប្ដាហ៍កន្លងទៅនេះឈ្មួញជាច្រើននាក់កំពុងសម្រុកដឹកឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងគគ្រឹកគគ្រេងហើយលោក យូ សុធា មេនគរបាលអន្តោប្រវេសន៍ច្រកនេះកំពុងសប្បាយប្រមូលលុយផងដែរ ។
ដោយឡែកសកម្មភាពរបស់ក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំនិងណាំលៀ មិនអាចលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី មិនដឹងនោះទេ ។
ជុំវិញករណីដឹកឈើជញ្ជូនឆ្លងដែនខុសច្បាប់ តាមច្រកទាំងពីរនេះ អ្នកកាសែតបានព្យាយាមទំនាក់ទំនងដើម្បីសុំការបញ្ជាក់ពីលោក ផូ សំអន ប្រធានច្រកណាំលៀរ តែទូរសព្ទ័របស់លោកមិនមានអ្នកទទួល ។ ដោយឡែកលោក សំ រិទ្ឋ ណយ មេប៉ុស្តិ៍ច្រករបៀងប៉ុស្តិ៍ ០៧ ក៏មិនអាចទំនាក់ទំនងនោះទេ? ។
ប្រជាពលរដ្ឋបានឃើញហេតុការណ៍បាននិយាយឲ្យដឹងថា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី និង មន្ត្រីដែលមានការពាក់ព័ន្ធច្បាស់ជាគ្រប់ទឹកហើយបានជាដេកធើមិនដឹងចឹងនោះ។ ឈ្មួញមិនត្រឹមតែផ្គើនបទបញ្ជានាយករដ្ឋមន្ត្រីទេ ថែមទាំងឌឹដាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីដែលថា មានរូបថតនៃការប្រព្រឹត្តបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគីរីថែមទៀតផងដែរ ? ៕