ខេត្តមណ្ឌលគីរី ៖ សកម្មភាពនៃការដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាម គេសង្កេតឃើញថា អាជ្ញាធរខេត្ត រួមនឹងសមត្ថកិច្ចជំនាញ ពាក់ព័ន្ធហាក់ដូចជា កំពុងផ្គើននិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ហ៊ានបើកភ្លើងខៀវអោយមានការចរាចរណ៍ឈើឆ្លងដែនទៅ ប្រទេសវៀត ណាមបានដោយស្រួលនិងគ្មានការបង្ក្រាបទប់ស្កាត់នោះទេ ។
រាល់សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់គេសង្កេតឃើញថា អាជ្ញាធរខេត្តមួយនេះហាក់មិនមានវិធានការទប់ស្កាត់ ចំពោះបទល្មើស ព្រៃឈើ ដែលកើតមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះឡើយ ។
គួរំលឹកផងដែរថា ប្រភពពីក្រុមសមត្ថកិច្ចពីខេត្តមណ្ឌលគីរី ក្រុមឈ្មួញនៅតែបន្តសម្រុកដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ ទៅប្រទេស វៀតណាមតាមច្រកទ្វារទ្វេភាគីណាមលៀហៅប៉ុស្តិ៍៧ បានជាង១០គ្រឿង នៅសល់បីគ្រឿងត្រូវមន្ត្រីរដ្ឋបាលព្រៃឈើចាប់រឹបអូសបាន នៅយប់ថ្ងៃទី17 ខែវិច្ឆិកាឆ្នាំ 2018នេះ ។
ប្រភពបន្តថា ក្នុងចំណោមក្បួនរថយន្តដឹកឈើប្រមាណជាង20គ្រឿងគឺបានចរាចរឆ្លងដែនទៅប្រទេសវៀតណាមជាង10គ្រឿង នៅសល់ ជាប់ផុងទៅមុខលែងរួចចំនួនបីគ្រឿងត្រូវមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបបាន គឺនៅចំនុចក្បែរស្នាក់ការដែនជម្រកសត្វព្រៃភ្នំណាម លៀរ ស្ថិតក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៨នេះ ។
បើទោះបីជាកន្លងទៅក្រសួងមហាផ្ទៃបានដាក់លិខិតស្នើឲ្យអាជ្ញាធរខេត្តមួយនេះ ចាត់វិធាន ការទប់ស្កាត់បង្ក្រាប ចំពោះបទល្មើស ព្រៃឈើខុសច្បាប់ ដែលនាំឆ្លងដែនទៅប្រទេសវៀតណាមយ៉ាងណាក៍ដោយ ។ ក្រសួងមហាផ្ទៃក៏ធ្លាប់បានស្នើឲ្យអាជ្ញាធរខេត្តធ្វើការស្រាវជ្រាវ និងបង្ក្រាបទប់ស្កាត់រាល់បទល្មើសព្រៃឈើខុសច្បាប់ដែលមានដែលកើតមានក្នុងដែនសមត្ថកិច្ច របស់ខ្លួន លោកត្រូវ យកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ដើម្បីការពារនូវធនធានធម្មជាតិ ។
គួរបញ្ជាក់ថាច្រកទ្វារទ្វេភាគីណាមលៀហៅប៉ុស្តិ៍ 7 នៅតែមានការឃុបឃិតបើកដៃឲ្យមានជំនួញឈើខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាមបានយ៉ាងស្រួលថែមទៀតផង ៕