ខេត្តព្រះសីហនុ ៖ ក្រុមឈ្មួញដឹកទំនិញសព្វថ្ងៃទាំងតាមទូក តាមរថយន្ត ពួកគាត់បានក្លាយទៅជាផ្ទាំងស៊ីប លោក ណុប សំអាន ប្រធានការិយាល័យគយ និងរដ្ឋាករ ទំនប់រលក អាចនិយាយបានថា ករណីនេះលោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុផ្តល់ឱកាស បើកភ្លើងខៀវ ទើបអំពើពុករលួយ គាបជម្រិត បង្ខំឲ្យឈ្មួញបង់លុយក្រៅពីវិក័យបត្រកើតឡើងបែបអនាធិបតេយ្យ សុទ្ធតែជាចំណូល លក្ខណះប្រយោជន៍បុគ្គល ក្នុងចេតនាទុច្ចរិតបំបាត់ចំណូលពន្ធរបស់រដ្ឋ តាមរយៈអំណាច ខ្លួនមាន តួនាទី ទប់ស្កាត់ទំនិញគេចពន្ធ បង្ក្រាប សហការជាមួយស្ថាប័នប្រមូលពន្ធជូនរដ្ឋ តែ ក្លាយជាតួអង្គទាញយក ប្រភពសេដ្ឋកិច្ចលុយក្រោមតុ និងបង្កើតការិយាល័យអនាធិបតេយ្យឲ្យទំនិញគេចពន្ធហូរចូលយ៉ាងគំហុកតាមច្រក កំពង់ផែទំនប់រលក រហូតដល់គេរិះគន់ថា៖ ក្រុមគយលោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ និងក្រុមគយលោក ណុប សំអាន ប្រធានការិយាគយ និងរដ្ឋាករ ទំបនប់រលក ធ្វើការរបៀបកន្ទេលធំបន្លំដេក ឬជាមន្ត្រីគ្រាប់ល្ពៅ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនចូលចិត្ត មិនទទួលយកបាន..។
មន្រ្តីគយតូចតាចបានឲ្យដឹងថា លោក ណុប សំអាន បានឲ្យមន្ត្រីរបស់គាត់យកលុយពីឈ្មួញជាច្រើនដំណាក់កាល ស្របពេលរាល់ទំនិញដឹកតាមទូកចូលមកកំពង់ផែទំនប់រលក ភាគច្រើនគេចពន្ធ ។ ដូច្នេះលោក ណុប សំអាន បានឲ្យកូនចៅប្រើវិធីរកលុយដោយការគាបឈ្មួញ ទី១–យកលុយពីម្ចាស់ទំនិញនៅលើទូកដែលដឹកពីប្រទេសថៃ ២–យកលុយពីម្ចាស់ទទួលចាំទិញទំនិញលើកពីទូក ៣–យកលុយពីក្រុមហ៊ុនដឹកជញ្ជូនខាងលើឲ្យបង់ជាក្បាលរថយន្ត ក្នុង មួយរថយន្តពី៣០០ដល់៥០០ដុល្លារ និងដល់១ឡាន៦០០ដុល្លារក៏មាន ។ លើកលែងតែខាងរថយន្តដឹកស្ករសដែលយកតម្លៃទាប ខណៈឈ្មួញបង់ ពន្ធគ្រប់ចំនួន គឺយក១ឡាន៣០ដុល្លារ ។
មន្ត្រីបានរំឭកថា ប្រសិនបើថ្នាក់លើមិនបាន ចាប់អារម្មណ៍ ឬមានវិធានការកំណែទម្រង់រដ្ឋបាលទេនោះ វប្បធម៌នៃអំពើពុករលួយរបស់លោក ណុប សំអាន ពិតណាស់ថា គាត់មានចេតនាទុច្ចរិតគៃបំបាត់ពន្ធនាំចូលរបស់រដ្ឋ ដើម្បីប្រយោជន៍បុគ្គល បក្ខពួក ហើយក៏ជា ប្រភពសេដ្ឋកិច្ច ដែលថ្នាក់លើមួយចំនួនប្រឹងទទួលយកសំណូកប្រចាំខែផងក៏អាចថាបាន។
ក្រុមឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមកំពង់ផែទំនប់រលក បានលួចបង្ហើបអោយធូពោះខ្លះថា៖ កន្លងមកក៏ដូចបច្ចុប្បន្ន កំពង់ផែទំនប់រលក ទំនិញជាច្រើនប្រភេទត្រូវបានគេដឹងថា ភាគច្រើនគេចពន្ធ បន្ទាប់ពី សមត្ថកិច្ច និងខាងស្ថាប័នគយរបស់លោក ណុប សំអាន ជាអ្នកបើកភ្លើងខៀវ ក្នុងនោះមានប្រភេទទំនិញស្ករស ចាប់ហួយ ស្រាបៀ កង់រថយន្ត ដែក ស៊ីម៉ងត៍ ។ល។ ការនាំចូលបង់ពន្ធមិនគ្រប់ដោយសារអំពើឃុបឃិតគ្នារវាង ឈ្មួញនិងសមត្ថកិច្ចគយកើតឡើងជាលក្ខណៈប្រព័ន្ធ ។ ក្នុងនោះគេបានបញ្ជាក់ថា ក្រុមឈ្មួញដែលមានឱកាស ប្រើប្រាស់រថយន្តប្រភេទយីឌុបជាលក្ខណៈរថយន្តខ្សែ ដឹកជញ្ជូនទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ឬបង់ពន្ធក្លែង ភេទទំនិញជាដើម…ដឹកចេញពីកំពង់ផែទំនប់រលកបានមានដូចជាក្រុមហ៊ុន ១–គាធី ២–ចៃរ៉ា ៣–ចែវី ៤–ណុប ៥–កូ ៦–សុខុម ៧–ហួត និងមានឈ្មួញជាច្រើនទៀតដែលជាសែទុយោក្រាស់ៗ និងមានខ្នងបង្អែកជាមេកម្លាំង ប្រដាប់អាវុធជាដើម ។
តំបន់កំពង់ផែទំនប់រលក ប្រសិនបើលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមានវិធានការត្រួតពិនិត្យតាមដានរាល់សកម្មភាពនៃទំនិញគេចពន្ធហូរចូល ហើយតម្រូវឲ្យបង់ពន្ធនាំចូលស្របច្បាប់គ្រប់ចំនួន តាមប្រភេទទំនិញ ច្រកមួយនេះអាចនឹងរកចំណូលពន្ធជូនរដ្ឋ មានចំនួនច្រើនលើសលុប ។ ប៉ុន្តែបច្ចុប្បន្នការបង់ពន្ធពិតប្រាកដមានកម្រិត។ ដោយឡែកអំពើពុករលួយក្រោមតុ គឺមានចំនួនច្រើនលើសលុបបំផុតទៅលើមេគយ និងមន្ត្រីមួយចំនួនដែលពាក់ព័ន្ធទទួលសំណូក និងគាបសង្កត់ ជំរិតឈ្មួញបានកើតឡើងជាទម្លាប់ ដែលពួកគេកំពុងយកទៅធ្វើមានបាន ក្នុងសំណូមដែលសង្គមស្អប់ខ្ពើម និង ជាក្រុមមន្ត្រីកន្ទេលធំបន្លំដេក ឬមន្ត្រីគ្រាប់ល្ពៅនោះ ។
មន្ត្រីបានទម្លាយថា បើទោះជាមានករណី ទំនិញខ្លះបង់ពន្ធតាមឯកសារប្រតិវេទន៍គយ ក៏លោក ណុប សំអាន បង្កើតឲ្យមានការិយាធិបតេយ្យបង់លុយក្រោមតុ ក្នុងមួយឯកសារយ៉ាងតិចចាប់ពី៧០ដុល្លារ ឬជាង១០០ដុល្លារ ចាត់ចែងទៅមន្ត្រីគយ ។
ឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញចេញពីកំពង់ផែទំនប់រលក អះអាងថា៖ ទោះជារត់ការឯកសារប្រតិវេទន៍គយបង់ពន្ធនាំចូលក៏ដោយ ក៏នៅតែបង់លុយថ្លៃក្បាលឡានពេលដឹកចេញ ហើយក្នុង១ថ្ងៃ ឬ១យប់មានឡានដឹកទំនិញប្រភេទយីឌុប ចាប់ពី៥០គ្រឿង ទៅ៦០គ្រឿង។
ពាក់ព័ន្ធករណីនេះ លោកបណ្ឌិតប្រតិភូ គុណ ញឹម ទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនបានឆ្លើយតបជាមួយ អង្គភាពជាមួយនិងសំណួរដែលបានជម្រាបសួរថា៖ « រាល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដឹកចេញពីកំពង់ផែទំនប់រលក ហេតុអីត្រូវតែបង់ប្រាក់ក្បាលឡាន ..! ក្នុងនោះខាងឈ្មួញនិងក្រុមហ៊ុនអះអាងថា៖ បង់អោយ១ឡាន៣០០$ ខ្លះទៀត៥០០$នេះជាដើម។ ដោយឡែកខាងឡានដឹកស្កសរ មួយឡានបង់៣០$។ បើការនាំចូលបង់ពន្ធតាមឯកសារប្រតិវេទន៍គយហើយ ហេតុអីត្រូវបង់លុយថ្លៃក្បាលឡានទៀត ឬមួយការនាំចូលមានភាពមិនប្រក្រតីណាមួយ…??? គឺលោកបណ្ឌិត មិនធ្វើការអធិប្បាយបកស្រាយតាមនីតិវិធីគយ។
ពាក់ព័ន្ធនឹងការរិះគន់ខាងលើ អង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក ណុប សំអាន ប្រធានការិយាល័យគយ និងរដ្ឋាករទំនប់រលក បានឡើយ ។ ដោយឡែក លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ មិនអាចសុំការបំភ្លឺបានផងដែរ ៕