(ខេត្តកំពត)៖ ថ្មីៗនេះមានប្រភពច្បាស់ការណ៍ពីមន្ត្រីអត់លិឍបានលួចទម្លាយថា លោក យី ថុល ដែលជាមេគយប្រចាំច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក កំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមឈ្មួញរកសីុដឹកទំនិញឆ្លងដែនទាំងនាំចេញនាំចូល ដោយប្រធានស្នាក់ការគយនិងរដ្ឋាករទើបនឹងមកកាន់តំណែងរូបនោះ បានបញ្ជាឲ្យមន្ត្រីទទួលបន្ទុកខាងពិនិត្យចរាចរទំនិញស្ថិតតាមមាត់ច្រកកៀបយកលុយអ្នករកសីុតាមតែអំពើចិត្ត។
ប្រភពជាក់លាក់បានបង្ហើបទៀតថា បន្ទាប់ពីមានការដោះដូរប្រធានស្នាក់ការគយនិងដ្ឋាករព្រែកចាកមកនោះ លោក យី ថុល បានបញ្ជាឲ្យលោក រស់ សាត អនុប្រធានស្នាក់ការ ព្រមទាំងគូរកន២នាក់ទៀតមើលការខុសត្រូវខាងពិនិត្យមើលការចរាចរមុខទំនិញចេញចូលគ្រប់ប្រភេទ នៅមាត់ច្រកទ្វារអន្តរជាតិព្រែកចាកនេះ។ ប្រភពដដែលបានបន្តថា រថយន្តដឹកទំនិញគ្រប់ប្រភេទក្នុងតំបន់ច្រកទ្វារ ត្រូវបានលោក រស់ សាត និងបក្សពួក ធ្វើតាមបញ្ជាមេកើយរបស់ខ្លួនដោយរឹតបន្តឹងអ្នករកសីុដឹកទំនិញតាមច្រកទ្វារស្ទើលៀនអណ្តាត ហើយយកលុយទាំងនោះទៅចែកគ្នាចាយយ៉ាងសប្បាយចិត្ត។ គេបានទម្លាយទៀតថា ការដឹកទំនិញនៅច្រកទ្វារព្រំដែនព្រែកចាកទោះជាទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ក្តី ក៏ត្រូវបានលោក រស់ សាត ឲ្យបង់លុយទាំងលើតុ ក្រោមតុកាន់តែច្រើនឡើងៗ ដោយសំអាងថា នេះជាគោលការណ៍របស់អង្គភាពក្នុងការដំឡើងប្រាក់ពន្ធចំណូលជូនរដ្ឋឲ្យគ្រប់ផែនការ។
មន្ត្រីអត់លិឍខាងលើបានលួចទម្លាយទៀតថា និយាយទៅ គឺនៅក្នុងអង្គភាពគយនិងរដ្ឋាករព្រែកចាកមានអំពើពុករលួយជាខ្សែបណ្តោយ ហើយមេគយដែលទើបតែមកគ្រប់គ្រង មិនបានកែប្រែឬលប់បំបាត់នោះទេ បែរជារួមគំនិតគ្នាបន្តចាត់តាំងមន្ត្រីថ្នាក់ក្រោមចាស់ៗនោះ ឲ្យអនុវត្តបន្តប្រមូលលុយគ្មានវិក្កយប័ត្រ ពីក្រុមឈ្មួញនាំទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ ដែលដឹកឆ្លងកាត់តំបន់ច្រកទ្វារព្រំដែន យ៉ាងហោចណាស់ក៏មានប្រមាណ៤០ភាគរយ ដែលត្រូវចូលក្នុងហោប៉ៅ លោក យី ថុល និងបក្សពួករបស់ខ្លួន ។
យ៉ាងណាមិញករណីទំនិញសំខាន់ៗមួយចំនួនធំ ត្រូវបានលោក យី ថុល និងបក្សពួក បង្វែរមកបង់ពន្ធត្រឹមតែ៣០ទៅ៤០ភាគរយប៉ុណ្ណោះ ដោយការបង់ពន្ធរាល់មុខទំនិញផ្សេងៗគឺមានសិទ្ធិស្វ័យសម្រេចលើតែបបូរមាត់របស់លោកប្រធានស្នាក់ការថ្មី និងបក្សពួក ដើម្បីយកថវិកាទាំងនោះដាក់ក្នុងហោប៉ៅ ដែលទង្វើទាំងនេះបានធ្វើឲ្យរដ្ឋត្រូវខាតបង់ប្រាក់ចំណូលរាប់សិបលានដុល្លារ ក្នុងមួយខែៗ។
ប្រភពគួរជឿជាក់ដដែលបានខ្សឹបទៀតថា ស្ថាប័នគយ និងរដ្ឋាករព្រែកចាក ដែលមានទីតាំងស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីបានផ្លាស់ប្តូរប្រធានស្នាក់ការថ្មី គឺលោក យី ថុល ដែលពីមុនគ្រប់គ្រងនៅច្រក លេខ៤០០ ក្នុងខេត្តបាត់ដំបង ដោយពេលនេះមកគ្រប់គ្រងនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ជំនួស លោក យ៉ែម សេង មិនទាន់បាន១ខែស្រួលផង ស្រាប់តែបែកធ្លាយពីភាពមិនប្រក្រតី និងរឿងអាស្រូវដ៏ពេញបន្ទុកបែបនេះទៅហើយ ចុះទម្រាំគ្រប់គ្រងរាប់ឆ្នាំនោះ ក្លាយជាបែបណាទៅ?។បើគេមិនច្រឡំទេ ប្រហែលជាមេគយថ្មី យី ថុល ខំប្រមូលលុយដើម្បីស្រង់ដើមទេដឹង.? ទើបប្រឹងប្រែងដំឡើងពន្ធតាមតែអំពើចិត្តបែបនេះ។
ជុំវិញរឿងអាស្រូវដូចខាងលើ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ អង្គភាពយើងខ្ញុំមិនអាចសុំការពន្យល់ពីលោក យី ថុល ប្រធានស្នាក់ការគយ និងរដ្ឋាករព្រែកចាកបានទេ ដោយសារលេខទូរស័ព្ទរបស់លោកប្រធានស្ថិតក្នុងតំបន់ក្រៅសេវា៕