ខេត្តបន្ទាយមានជ័យ, បើតាមប្រភពពីមន្ត្រីគយនៅខេត្តបន្ទាយមានជ័យមួយចំនួនបានបង្ហើបឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៩ គឺ លោក ងួន កុសល ប្រើតួនាទីប្រព្រឹត្តអំពើពុករលួយដើម្បីប្រមូលលុយយ៉ាងពេញបន្ទុក។
ប្រភពបានឲ្យដឹងទៀតថា ប្រហែលលោក ងួន កុសល ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទើបចាប់ផ្ដើមប្រព្រឹត្តអំពើពុករលួយយ៉ាងតក់ក្រហល់ដោយគ្មានញញើតអ្វីទាំងអស់។ ក្នុងនោះឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សុទ្ធតែជួបសម្ដែងការគួរសមជាមួយលោក ងួន កុសល ដើម្បីឲ្យមុខជំនួញរបស់ពួកគេប្រព្រឹត្តទៅដោយរលូនបន្តទៀត។
មន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចមកគឺលោក ងួន កុសល កំពុងយកមេរៀនរបស់លោក ហ៊ុយ សុជាតិ អតីតប្រធានការិយាល័យគយច្រកប៉ោយប៉ែត មកអនុវត្តន៍ដដែល។
ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្នលោក ងួន កុសល ឃុបឃិតឲ្យឈ្មួញមួយចំនួននាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរាលដាល ហើយក៏មានការបន្លំប្រភេទទំនិញដើម្បីជាថ្នូរនឹងផលប្រយោជន៍លើតុក្រោមតុផងដែរ។ ផ្ទុយទៅវិញលោក ងួន កុសល និងបក្ខពួកប្រើអំណាចគាបសង្កត់យ៉ាងខ្លាំងទៅលើអាជីវករនិងពលរដ្ឋដែលនាំចូលទំនិញតាមរ៉ឺម៉ក តាមរទេះ ដោយពុំមានការយោគយល់បន្តិចណាឡើយ ហេតុនេះហើយទើបរឿងអាស្រូវពុករលួយរបស់លោក ងួន កុសល កំពុងត្រូវបានបើកកកាយជាបន្តបន្ទាប់។
ប្រភពដែលស្និទ្ធនឹងលោក ងួន កុសល បានបង្ហើបឲ្យដឹងថា ការដែលលោក ងួន កុសល ហ៊ានប្រើតួនាទីជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយប្រព្រឹត្តអំពើពុករលួយតាមរូបមន្តរបស់លោក ហ៊ុយ សុជាតិ នោះគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ងួន កុសល ខ្លះផង។
មន្ត្រីគយនៅក្នុងខេត្តបន្ទាយមានជ័យ បានបង្ហើបឲ្យដឹងទៀតថា ចាប់តាំងពីទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ គឺលោក ងួន កុសល ចាប់ផ្ដើមប្រើតួនាទីរបស់ខ្លួនដើម្បីប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីឡើយ ហើយលោក ងួន កុសល តែងប្រើប្រាស់ឈ្មោះមន្ត្រីគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីការពារទង្វើរបស់ខ្លួនទៀតផង៕