ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ទោះបីពួកគេផ្ទុកទំនិញលើសទម្ងន់ឬមិនលើសទម្ងន់ គឺត្រូវបង់លុយតាមការកំណត់របស់លោក ប៉ាល់ សុមេដា និងបក្ខពួកដដែល។
មានការរិះគន់ចំៗថា លោក ប៉ាល់ សុមេដា និងបក្ខពួកកំពុងប្រែក្លាយជញ្ជីងថ្លឹងរថយន្តចំណុចភូមិកូនដំរី ឲ្យក្លាយទៅជាជញ្ជីងថ្លឹងលុយយ៉ាងសុខស្រួល ព្រោះលោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ចាំទទួលផលប្រយោជន៍ពីមន្ត្រីក្រោមឱវាទយ៉ាងត្រជាក់ចិត្ត។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក គឹម សុវណ្ណ ទេនោះគឺលោក ប៉ាល់ សុមេដា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ព្រមទាំងបក្ខពួកមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ ហេតុនេះហើយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរមើលរំលងរឿងអាស្រូវពុករលួយរបស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ បានបង្ហើបឲ្យដឹងថា អំពើពុករលួយរបស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាប្រភពចំណូលរបស់មន្ត្រីធំៗនៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូនផងដែរ។ ដូច្នេះហើយទើបលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស បណ្ដោយឲ្យក្រុមមន្ត្រីទាំងនោះប្រព្រឹត្តអំពើពុករលួយប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ចីងថ្លឹងលុយយ៉ាងជំនាញ។ ជាងនេះទៅទៀតលោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បណ្ដោយឲ្យលោក ប៉ាល់ សុមេដា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី និងបក្ខពួកប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាថែមទៀត។
ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក ប៉ាល់ សុមេដា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ចំណុចនេះរិះគន់ជាបន្តបន្ទាប់រួចមកហើយ។
បើតាមប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបង្ហើបឲ្យដឹងថា ការដែលលោក ប៉ាល់ សុមេដា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ។ ដូច្នេះលោក ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរបណ្ដោយឲ្យលោក គឹម សុវណ្ណ និងលោក ប៉ាល់ សុមេដា ឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ។
តាមការអះអាងរបស់សមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងប៉ោយប៉ែត បានឲ្យដឹងថា រថយន្តធុនធំផ្ទុកទំនិញលើសទម្ងន់ដែលបើកបរឆ្លងកាត់ផ្លូវជាតិលេខ៥ មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ភាគច្រើនមិនបានចូលថ្លឹងទំនិញស្របទៅតាមបទដ្ឋានបច្ចេកទេសនោះទេ។ ផ្ទុយទៅវិញអ្នកបើកបររថយន្តធុនធំ ឬព្រូរថយន្តទាំងនោះយកលុយទៅបង់ឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ក្រោមការគ្រប់គ្រងរបស់លោក ប៉ាល់ សុមេដា តាមការកំណត់ទើបអាចបន្តដំណើរទៅមុខយ៉ាងរលូន។
បើតាមប្រភពពីឈ្មួញនិងក្រុមអាជីវករខ្លះបានឲ្យដឹងថា បើទោះបីពួកគេដឹកទំនិញផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់ក៏ចៀសមិនផុតពីបង់លុយតាមការកំណត់របស់លោក ប៉ាល់ សុមេដា និងបក្ខពួកនោះដែរ។ រថយន្តដែលផ្ទុកទំនិញលើសទម្ងន់ត្រូវបង់លុយចាប់ពី១០ម៉ឺនរៀលទៅ៣០ម៉ឺនរៀលតាមការផ្ទុកទម្ងន់លើសច្រើនលើសតិច ដោយមិនចាំបាច់ចូលថ្លឹងទម្ងន់ឡើយ។